ផែនទីឯកតោភាគីរបស់ថៃបង្ហាញអំពីការកាន់កាប់របស់ថៃ ចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ផែនទីឯកតោភាគីរបស់ថៃបង្ហាញអំពីការកាន់កាប់របស់ថៃ ចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ



(ភ្នំពេញ)៖ យោងតាមផែនទីរូបភាពពីផ្កាយរណបដែលមានបន្ទាត់ព្រំដែនគូសជាឯកតោភាគី និងផ្សព្វផ្សាយដោយកងទ័ពថៃ បានបង្ហាញថា ក្រៅពីតំបន់ជម្លោះនោះ ផ្នែកខ្លះនៃទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺមួយផ្នែកកំពុងត្រូវបានពលរដ្ឋថៃកាន់កាប់ និងប្រើប្រាស់។

យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យដោយសន្តិវិធីជាមួយប្រទេសថៃ ដោយបានគូសបញ្ជាក់ជាថ្មីទៀតអំពីការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។

ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវ បានប្រើប្រាស់ផែនទីឯកតោភាគី ជាមួយរូបភាពផ្កាយរណប ដើម្បីទាមទារទឹកដីក្នុងតំបន់ជម្លោះ។ ទង្វើទាំងនេះរួមមានការដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងការគំរាមបណ្តេញពលរដ្ឋកម្ពុជាចេញដោយបង្ខំ ពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលទង្វើទាំងនេះជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងខ្លឹមសារនៃសេចក្តីបំភ្លឺមួយរបស់ក្រសួងការពារជាតិកម្ពុជាលើករណីព្រៃចាន់ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករង នាយកដ្ឋានភូមិសាស្ត្រក្រសួងការពារជាតិ បានពន្យល់ថា បើទោះជាគេផ្អែកលើខ្សែបន្ទាត់ព្រំដែនមិនផ្លូវការដែលបានគូសដោយឯកតោភាគី លើផែនទីរូបភាពផ្កាយរណបរបស់ថៃ ចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ក៏ដោយ តែនៅក្នុងភូមិសាស្ត្រជាក់ស្តែងក្នុងមូលដ្ឋានបង្ហាញឱ្យឃើញការពិត៖ «ការស៊ើបអង្កេតជាក់ស្តែងនៅនឹងកន្លែងបង្ហាញយ៉ាងច្បាស់ថា មានការកាន់កាប់ និងការប្រើប្រាស់ទឹកដីកម្ពុជាពិតប្រាកដ ដោយពលរដ្ឋថៃ»។

លោកក៏បានកត់សម្គាល់ថា អាជ្ញាធរថៃកំពុងអនុវត្តស្តង់ដារពីរក្នុងបញ្ហានេះ។ លោកបានថ្លែង «ជាមួយគ្នានេះ ខ្ញុំគួរសង្កត់ធ្ងន់ថា កន្លងមកយោធាថៃ និងអាជ្ញាធរខេត្តថៃបានជ្រើសរើសយកការប្រើប្រាស់ផែនទីឯកតោភាគី ដើម្បីធ្វើការទាមទារដោយបានបង្ហាញតែកន្លែងដែលពួកគេចោទថា ពលរដ្ឋខ្មែរទន្ទ្រានចូលទឹកដីថៃ ខណៈដែលពុំបានបង្ហាញទីតាំងដែលពលរដ្ឋ និងទាហានថៃបានរំលោភចូលទឹកដីកម្ពុជាសោះឡើយ»៕

No comments:

Post a Comment

Pages