MC : សមាគមកសិកម្មឈ្លាសវៃ បានឲ្យដឹងថា ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ កំពុងដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យស្រូវ រីកលូតលាស់និងទទួលបានទិន្នផលច្រើន ខណៈឧបករណ៍នេះក៏មានតួនាទីជាឧបករណ៍បាចជីយ៉ាងងាយស្រួល ក្នុងដំណាក់កាលស្រូវ កំពុងលូតលាស់ ដែលជួយសម្រាលកម្លាំងពលកម្មរបស់ប្រជាកសិករនិងកាត់បន្ថយការចំណាយច្រើន។ លោក សាន ប៊ុនីកា ប្រធានសមាគមកសិកម្មឈ្លាសវៃ បានប្រាប់វិទ្យុជាតិកម្ពុជាថា ដោយទទួលបានការគាំទ្រពីស្ថាប័នពាក់ព័ន្ធ សមាគម កសិកម្មឈ្លាសវៃ បានកែច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរចំនួន៣ប្រភេទ ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ គឺអង្គរ អង្គរតូច និងអង្គរធំ សម្រាប់បំពេញតម្រូវការរបស់កសិករ ក្នុងការសាបព្រួសគ្រាប់ស្រូវជាជួរ ពិសេសបម្រើដល់វិស័យកសិកម្មឲ្យកាន់តែទំនើប ជឿនលឿនពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្តថា ក្រៅពីការសាបព្រួសគ្រាប់ស្រូវជាជួរ ឧបករណ៍នេះ មានមុខងារច្រើនយ៉ាង ដូចជា សាបព្រួសគ្រាប់បន្លែគ្រប់ប្រភេទ ជាឧបករណ៍បាចជីទៅលើស្រូវតាមបរិមាណដែលកសិករចង់បាន ដែលជាជំនួសកម្លាំងពលកម្មមនុស្ស បានច្រើនធ្វើឲ្យដំណាំលូតលាស់ល្អ ។ « ឧបករណ៍ព្រួសស្រូវជាជួរយើងអាចដាំជាសណ្ដែកខៀវនឹងសណ្តែកសៀងបានជួបហើយឧបករណ៍នេះអាចបាញ់ជីបានទៀត មិនត្រឹមតែព្រួសស្រូវទេ។ ហើយអាចបាចជីទៅលើស្រូវក្នុងស្រែបានទៀតក្នុងបរិមាណមួយដែលយើងចង់បានគ្រប់គ្រាន់ នឹងស្មើគ្នា ទៀត»។ លោកបានបន្តថា ឧបករណ៍នេះ ប្រើប្រាស់ជាមធ្យមរយៈពេល១ម៉ោង ក្នុង១ហិកតា ដែលត្រូវ ការកម្លាំងមនុស្សពី១នាក់ទៅ២នាក់ប៉ុណ្ណោះ ហើយអាចភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី ។ លោកបានបន្ថែមថា អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពុងសហការជាមួយសមាគម កសិកម្មឈ្លាសវៃ បានផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ឧបករណ៍នេះ កាន់តែទូលំ ទូលាយ ខណៈដែលកាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឧបករណ៍នេះ ជូនដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ក្នុងខេត្តមួយចំនួន ដូចជា៖ ខេត្តតាកែវចំនួន១៣០គ្រឿង ខេត្តបាត់ដំបងចំនួន៥០គ្រឿង , ខេត្តពោធិ៍សាត់ចំនួន ៥០គ្រឿង និងខេត្តបន្ទាយមានជ័យចំនួន៥០គ្រឿង ។ សូមបញ្ជាក់ថា សមាគមកសិកម្មឈ្លាសវៃ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កើតឡើងនៅ ក្នុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា−អូស្ត្រាលី ហៅកាត់ថា CAVAC ៕
វិទ្យុជាតិកម្ពុជា ៖ ហាន់ស្រីណា០៦.១០.២១
No comments:
Post a Comment