(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញ ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធទាំងប្រឹងប្រែងអនុវត្តន៍ឱ្យជោគជ័យនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចធិបតីបានបញ្ជាក់ថា ក្នុងការអនុវតតគោលនយោបាយជាតិនេះ រាជរដ្ឋាភិបាល នឹងផ្តល់អទិភាពខ្ពស់ និងប្រគល់ភារកិច្ចដល់ក្រសួងឧស្សាហកម្ម ដើរតួនាទីជាស្ថាប័នបង្គោលនៅក្នុងការ ជំរុញការអនុវត្ត និងការតាមដានអនុវត្តយុទ្ធសាស្រ្តជាតិនេះ ប្រកបដោយប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។
សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំសុំស្នើឱ្យក្រសួងឧស្សាហកម្ម និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការគ្រប់ថ្នាក់ត្រូវខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិនេះ តាមដែនសមត្ថកិច្ចរៀងៗខ្លួន ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាធុរជន វិនិយោគិន សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងស្ថាប័នជាតិ និងអន្តរជាតិ ចូលរួមឱ្យបានផុសផុលក្នុងការគាំទ្រ ការអនុវត្ត និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីយុទ្ធសាស្រ្តជាតិដ៏មានសារៈសំខាន់នេះ»។
សម្តេចមានប្រសាសន៍បន្តថា ជាមួយនឹងការដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នាថ្ងៃនេះ សម្តេចធិបតីជឿជាក់ថា យុទ្ធសាស្រ្តជាតិនេះ នឹងក្លាយជាប្រទីបបំភ្លឺ និងត្រួសត្រាយផ្លូវ ព្រមទាំងជាទុនយ៉ាងសំខាន់ សម្រាប់កម្ពុជាក្នុងការតម្រង់ទិសការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោចីរភាព បរិយាបន្ន និងភាពធន់យ៉ាងពិតប្រាកដ សមស្របតាមគោលការណ៍ មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ទាំងក្នុងន័យអភិវឌ្ឍន៍ និងទាំងក្នុងន័យចូលរួមនៅក្នុងដំណើរការនៃការអភិវឌ្ឍន៍។
តាមប្រសាសន៍សម្តេចធិបតី ដើម្បីទទួលបាននូវជោគជ័យនៅក្នុងការអនុវត្ត«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» រាជរដ្ឋាភិបាលបានដាក់ចេញនូវអទិភាពជាយុទ្ធសាស្រ្ត៥ចំណុច៖
១៖ ការកំណត់ការកែសម្រួល និងការរៀបចំយន្តការបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាលនឹងពង្រាយ និងពង្រឹងយន្តការគ្រប់គ្រង និងភាពប្រទាក់ក្រឡាគ្នារវាងវិធានការត្រូវអនុវត្តដោយក្រសួងស្ថានប័នពាក់ព័ន្ធទាំងអស់ ដើម្បធានាសង្គត់ភាព និងការអនុវត្ត និងការកែសម្រួលនិតិវិធីឱ្យបានជាអតិបរមា។
២៖ ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព ៖ រាជរដ្ឋាភិបាល នឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឱ្យបានជាអតិបរមា បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុទ្ធជាច្រើន និងធានានូវភាពអាចប៉ាន់ប្រមាណបានសម្រាប់ការប្រកបមុខរបរ និងទាំងធ្វើការងារ។
៣៖ ការផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រឹង ពង្រីកវិសាលភាពនៃមូលធនមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រផ្នែកសុវត្ថិភាពការងារសំដៅផ្តល់នូវការគាំពារសុខភាពដល់ក្រុមអទិភាព ដើម្បីឱ្យមានលទ្ធភាព និងអាចរស់នៅក្នុងប្រព័ន្ធក្នុងកម្រិតជីវភាពមួយសមរម្យ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រឬទទួលរងហានិភ័យខាងជីវភាព។
៤៖ ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាលនឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលនៅក្នុងការទទួលបានសេវាសាធារណៈ និងការគាំទ្រផ្សេងៗ ការពង្រឹងការបណ្តុះបណ្តាលជំនាញ ការបង្កើតលទ្ធភាពស្វែងរកទីផ្សារជាដើម ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូលក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
៥៖ ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម៖ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលនឹងពង្រីក ពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ការលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងជួយជំរុញការរៀបចំប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកម្ពស់កិច្ចសន្ទនា និងការចូលរួមនៅក្នុងការរៀបចំគោលនយោបាយផ្សេងៗ៕
No comments:
Post a Comment