ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញសម្ពោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨ នៅវេលាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុនព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅសួនច្បារតេជោមាស តេជោយ៉ត ខាងមុខវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានចូលរួម ពីឯកឧត្ដម លោកជំទាវ យុវជន សសយក យុវជនកាយរឹទ្ធិ ក្រសួង អង្គការ វិស័យឯកជន វិស័យអប់រំ សាធារណៈជន និងស្ថាប័នពាក់ព័ន្ធ ។
គូសបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ -២០២៨ ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងគោលបំណង លើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដោយមានមុំចំនូនបី រួមមាន «ភាពស្អាត ភាពបៃតង និងចីរភាព» ។ ក្រសួងបរិស្ថានបានឲ្យអទិភាពលើការរៀបចំ និងអនុវត្តវិធានការណ៍សម្អាត សំណល់រឹង ជាពិសេសប្លាស្ទិក ដែលធ្វើឲ្យប៉ះពាល់ដល់ បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ ក្នុងបឹង ទន្លេសាប ទន្លេមេគង្គ និងប្រភពទឹកនានាផងដែរ ។
ថ្លែងក្នុងឱកាសសម្ភោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក៏សូមថ្លែងអំណរគុណដល់ប្រតិភូក្រុមហ៊ុន Leader Energy ដែលបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកចូលរួមកម្មវិធី «ចាប់ផ្តើមបេសកកម្មសម្អាតទន្លេកម្ពុជា» និងក្រុមការងារក្រុមហ៊ុន Leader Energy និងអង្គការ River Ocean Clean Up បានចំណាយពេលវេលា និងធនធានចូលរួមជាមួយ នឹងក្រសួងបរិស្ថាន ក្នុងការលើកស្ទួយវិស័យបរិស្ថាន និងភាពស្អាតនៃបរិស្ថានកម្ពុជា តាមរយៈ ការចាប់ផ្តើម បេសកកម្មសម្អាតទន្លេកម្ពុជានេះ ។
ឯកឧត្ដមបណ្ឌិត បានបន្ដផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឳ្យចូលរួមគាំទ្រ យុទ្ធសាស្រ្តរបស់ ក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនូវយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់យើងទាំងអស់គ្នា អាចធានាបានថា ទន្លេរបស់យើងនៅតែបន្តហូរ បន្តផ្តល់ក្តីសង្ឃឹម ជីវិត និងភាពធន់ សម្រាប់មនុស្សទាំងពេលបច្ចុប្បន្ន និងជំនាន់ក្រោយ ដើម្បីចូលរួមថែរក្សា បរិស្ថានកម្ពុជា ជាពិសេស ត្រូវចេះចូលរួមថែរក្សា ការពារ និងចេះធ្វើ អនាម័យ ដើម្បីភាពស្អាត ។
មុននឹងបិទបញ្ចប់ពិធី ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រី បានកាត់ខ្សែបូរណ៍ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨ និងបានប្រលែងកូនត្រីចូលក្នុងទន្លេជានិមត្ដិរូបផងដែរ។
No comments:
Post a Comment