នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រវិស័យបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងវេទិកាការចែករំលែកមេរៀន បទពិសោធន៍ អំពីសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម(GEDSI) ដើម្បីសកម្មភាពរួម របស់ប្រទេសជុំវិញតំបន់ទន្លេមេគង្គ ដែលវេទិកានេះរៀបចំដោយអង្គការ Oxfam តំបន់ ដោយមានការចូលរួមពី ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម តំណាងក្រសួងបរិស្ថាន តំណាងក្រសួងកិច្ចការនារី ស្ត្រីរស់នៅក្នុងតំបន់ទន្លេមេគង្គ ជនជាតិដើមភាគតិច និងអង្គការដៃគូ ព្រមទាំងបណ្តាញយុវជន និងបណ្តាញ LGBTQ+ សរុបចំនួន៥០នាក់ ស្ត្រី៣៣នាក់។
លោកជំទាវប្រធាន ក៏បានលើកឡើងផងដែរថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់នូវអាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និងគោលដៅ និងសកម្មភាពអាទិភាព ដោយផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស លើវិស័យអាទិភាព ដោយសង្កត់ធ្ងន់លើការធ្វើអោយប្រសើរឡើងនូវសុខភាព និងសុខមាលភាពរបស់ប្រជាជន (ការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធអាហារ អាហារូបត្ថម្ភ) ការអភិវឌ្ឍប្រកបដោយភាពធន់ និរន្តរភាព និងរួមបញ្ចូលនូវ ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព... ធានានិរន្តរភាពបរិស្ថាន ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន ត្រូវបានបន្តយកចិត្តទុកដាក់បន្ថែមទៀត ។
![]() |
ដើម្បីបន្ស៊ីទៅនឹងសកម្មភាពគន្លឹះក្រសួងបរិស្ថានបានដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ក្រសួងបរិស្ថាន គិតគូរផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅបឹងទន្លេសាប លើកកម្ពស់និរន្តភាព និងសុខមាលភាពនៅតំបន់ជុំវិញបឹងទន្លេសាប ការកាត់បន្ថយសំរាម ការបំពុលប្លាស្ទីក នៅបឹងទន្លេសាបនិងទន្លេ ដើម្បីរក្សាឱ្យបាននូវការគ្រប់គ្រងទឹកដែលមានលំហូរទឹកដោយធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាជន ជាពិសេសសម្រាប់អ្នកជំនាន់ក្រោយ។ ការកំណត់បាននូវការប្រឈម និងតម្រូវការនៃវេទិកានេះជាធាតុចូលដ៏សំខាន់ សម្រាប់យកទៅប្រើប្រាស់មូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាពនៃការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន។
No comments:
Post a Comment