ព្រះសីហនុ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១–ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃពុធ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ខែតុលា ឆ្នាំ២០២១បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីស្នងការនគរបាលខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តចំពោះគណៈស្នងការ ថ្នាក់ដឹកនាំស្នងការនិងមន្ត្រីនគរបាលខេត្តព្រះសីហនុស្របពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌតែកម្លាំងនគរបាលរបស់យើងមិនបានឈប់សម្រាកនោះទេ រឹតតែបង្កើនសកម្មភាពបម្រើសេវាការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនៅតាមតំបន់រមណីយដ្ឋាននានា។ ឯកឧត្តម អភិបាលខេត្តបានបន្តទៀត ថា រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវតែអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងអនុសាសន៍ ៣. ការពារ និង ៣.កុំ ដើម្បីរួមគ្នាកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ ដើម្បីយើងបើកទេសចរណ៍ឡើងវិញ។ ហើយការបើកទេសចរណ៍និងសេដ្ឋកិច្ចឡើងវិញនេះ គឺខេត្តព្រះសីហនុជាគោលដៅបើកទេសចរណ៍និងសេដ្ឋកិច្ចសាកល្បងមុនគេ និងឈានទៅបើកទេសចរណ៍និងសេដ្ឋកិច្ចនៅទូទាំងប្រទេស ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ ថា រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៨០ភាគរយ ហើយខេត្តព្រះសីហនុ ក៏ចាក់វ៉ាក់សាំងបានជាង៨០ភាគរយហើយដែរ ដើម្បីបង្កើនភាពសាំក្នុងខ្លួន កាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តមក៏បានសំណូមពរឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលរបស់យើងបង្កើនការល្បាតនៅតាមគោលដៅ ដូចជាតាមតំបន់ឆ្នេរសមុទ្រជាប់ជាប្រចាំដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរកាន់តែមានភាពកក់ក្តៅក្នុងការមកលេងកម្សាន្តខេត្តរបស់យើង។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំយកអំណោយឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានដូចជា ទឹកក្រូច២០០កេស ទឹកសុទ្ធ១០០កេស និងថវិកា២០លានរៀល ៕ ដោយ៖ ងូ សុមុនី
No comments:
Post a Comment