![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK3ZPQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1e06a99da0c2ec0c10fc63dc4f86486fbae6f9f9/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/2E9C3B56-E568-4859-B1E6-5F3183D.jpeg)
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញចូល រួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-អង្គការសហប្រជា ជាតិ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ព្រមជាមួយរដ្ឋមន្រ្តីការបរ ទេសអាស៊ានផ្សេងទៀត នឹងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ។ សេចក្តីប្រកាសបញ្ជាក់ថា កិច្ចប្រជុំនេះនឹងពិនិត្យអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រ ជាជាតិ ពិសេសការអនុវត្តផែនការសកម្មភាពនៃសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃ គូគ្រប់ជ្រុងជ្រោយរវាងអា ស៊ាន និងអង្គការសហប្រជា ជាតិ ឆ្នាំ២០២១-២០២៥។ កិច្ចប្រជុំក៏នឹងផ្លាស់ប្តូរយោ បល់គ្នាផងដែរ អំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដោយពិចារណាទៅលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺ រាតត្បាតនេះ។ ជាមួយគ្នានេះ ក៏នឹងមានការលើកឡើងផងដែរ អំពីបញ្ហាតំបន់ និងអន្តរ ជាតិ ដែលមានសារសំខាន់ចំពោះការថែរក្សាសន្តិភាពស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕ដោយ ៖ យី វិច្ឆិកា
No comments:
Post a Comment