ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១-- លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យសិក្ខាកាមជាអាជ្ញាកណ្តាលកីឡាអុកចត្រង្គទាំងអស់បន្តកិច្ចខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាអុកចត្រង្គរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការលើកឡើងនេះ នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាលកីឡាអុកចត្រង្គ កម្ពុជា កម្រិតអន្តរជាតិ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈ កម្មាធិការ ជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរអស់រយៈពេល៥ថ្ងៃ។
លោក ប៉ែន វុទ្ធី តំណាងក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ដោយសារតែ កីឡាអុកចត្រង្គ គឺជាប្រភេទកីឡាប្រពៃណីជាតិខ្មែរ និងជាប្រភេទកីឡាអត្តសញ្ញាណជាតិ ដោយត្រូវបានចារឹកទុកនៅលើប្រាសាទបុរាណ និងឯកសារនានា ដូច្នេះហើយនេះជាមោទន ភាព នៃវិស័យកីឡាអុកចត្រង្គ ដែលយើងទាំងអស់គ្នាត្រូវថែរក្សា និងត្រូវអភិវឌ្ឍន៍ឱ្យ កាន់ ប្រសើរ បន្ថែមទៀត។
តាមរយៈវគ្គបណ្តុបណ្តាលនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលមកពី១៦ក្លិបនៃរាជធានី-ខេត្តនឹងយកចំណេះដឹង ក្បួនច្បាប់នៃការលេងកីឡាអុក នេះទៅ ផ្សព្វផ្សាយឱ្យបានទូលាយ និងកសាងធនធានអុកចត្រង្គឱ្យកាន់តែសម្បូរបែបបន្ថែមទៀត។ លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល កម្រិត អន្តរជាតិ នាពេលនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកធនធាន មនុស្ស ដើម្បីអភិវឌ្ឍន៍ស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវលទ្ធ ផលល្អ ក្នុងការដឹកនាំការប្រកួតលើឆាកអន្តរជាតិនានា ក៏ដូចជាការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ។
លោកបន្ថែមថា វគ្គនេះមានអាជ្ញា កណ្តាល ចូលរួមសិក្សាសរុបចំនួន ៣២នាក់ មកពី១៦ក្លឹបរាជធានី-ខេត្ត ដែលជាសមាជិកពេញ សិទ្ធិរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។ យោងតាមរបាយការណ៍ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់រយៈពេល៥ថ្ងៃ ដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ ប្រកបដោយភាពទទួលខុសត្រូវ ត្រូវបាន វាយតម្លៃលទ្ធផលសិក្សារួមមាន៖ និទ្ទេសល្អ ២០នាក់ និទ្ទេសល្អបង្គួរ ៨នាក់ និងនិទ្ទេសមធ្យម ៤នាក់។
វគ្គនេះ មានគ្រូឧទ្ទេស គឺលោកគ្រូ ហូយ សូណា និងលោកគ្រូ ប៊ិន គាសេង ក្រោម ការ ផ្ត ល់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២១ ដោយប្រើប្រាស់ កញ្ចប់ ថវិកា ចំនួន ៣៥ភាគរយ នៅក្នុងចំណោមការកំណត់ជាបីមុខសញ្ញា គឺការងាររដ្ឋបាល ២០ ភាគរយ ការងារបណ្តុះបណ្តាល ៣៥ភាគរយ និងការងារប្រកួត ៤៥ភាគរយ៕
ដោយ ហេង ណាលីន
No comments:
Post a Comment