ភ្នំពេញ: ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកសាងឡើងក្រោមជំនួយឥសំណង របស់សាធារណរដ្ឋប្រជាមានិតចិនប្រមាណ១៦០លានដុល្លារអាម៉េរិក គឺជាផលប្រយោជន៍ មួយ ក្នុងចំណោមផលប្រយោជន៍ជាច្រើនទៀតដែលកម្ពុជាទទួលបាន នៅក្នុងក្របខ័ណ្ឌនៃ សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្រោមគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ”។
ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឈ្ពោះទៅកាន់ព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នាព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងអំណរគុណយ៉ាង ជ្រាល ជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជាជំនួយឥតសំណងសម្រាប់វិមាន ដ៏ស្កឹមស្កៃ ហើយបានបញ្ជាក់ពីមោទនភាព ដែលសមិទ្ធផលនេះ វាជាផ្លែផ្កានៃទំនាក់ទំនង រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា មិត្តដែកថែបចិនបានប្រគល់នូវអ្វីដែលមាននៅថ្ងៃនេះ មិនមែនជាការកើតឡើងដោយចៃដន្យ ហើយខ្វះទំនាក់ទំនងនោះទេ ពោលកម្ពុជា-ចិន បានខិតខំកសាងនូវទំនាក់ទំនងរវាង ប្រទេស ទាំងពីរ ដោយឈរលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការសាមគ្គីភាពជាមួយគ្នា។
សម្ដេចតេជោ បន្ដថា ជំនឿទុក ចិត្តខាងនយោបាយ ការគោរពនូវឯករាជ្យ អធិបតេយ្យភាពគ្នាទៅវិញ ទៅមក ជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំបំផុតតាំងពីសម័យសង្គមរាស្ដ្រនិយម រហូតមកដល់ពេល នេះ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្លែងសង្កត់ធ្ងន់ថា «ទាំងអស់នេះហើយជាមូលដ្ឋានគ្រឹះ ដែលយើងឈានទៅកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ហើយ ឥឡូវ នេះ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រសិទ្ធនាមមិត្តកម្ពុជា-ចិន ជាមិត្តភាព ដែកថែប ដែលគ្មានអ្នកណាអាចបំបែកបានឡើយ»។
សម្ដេចតេជោបានបន្ដទៀតថា ជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន មិនមែនគ្រាន់តែត្រឹមមានន័យ លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ប៉ុន្ដែជំនួយបានជួយដល់ការពង្រឹងនូវឯករាជ្យ អធិបតេយ្យភាពខាងនយោ បាយ របស់កម្ពុជាផងដែរ។
នៅក្នុងពិធីសម្ពោធសមិទ្ធផលប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះដែរ សម្ដេចតេជោនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានធ្វើការអបអរសាទរពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ ពិសេស សម្ដេចតេជោបានប្រកាសបើកយុទ្ធនាការជាតិ ផ្សព្វផ្សាយព្រឹត្តិ ការណ៍ ប្រកួតកីឡា SEA Games-ASEAN Para Games ជាមួយចក្ខុវិស័យ ៥ចំណុច ដើម្បីជំរុញព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ឱ្យទទួលបានជោគជ័យ ដែលក្នុងនោះរួមាន ១- ក្រសួង ស្ថាប័ន រាជធានី-ខេត្ត មន្ទីរ អង្គភាព កងកម្លាំងមានសមត្ថកិច្ច ត្រូវចូលរួមផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធភាព នូវព្រឹត្តិការណ៍ប្រកួត SEA Games-ASEAN Para Games ឆ្នាំ២០២៣ តាមគ្រប់រូបភាព និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន ឱ្យបានផុលផុសនៅ គ្រប់ទីកន្លែង។ ២- ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ស្ថានទូត ស្ថាន តំណាង នៅក្រៅប្រទេស និងក្រសួងស្ថាប័ននានា ត្រូវចូលរួមយុទ្ធនាការការទូត និងកិច្ចការបរ ទេសកីឡា ដោយដាក់របៀបវារៈ នៃការផ្សព្វផ្សាយ ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ជាលើកដំបូង ដោយប្រើប្រាស់គ្រប់វេទិកាសវនាការ ជំនួបទ្វេភាគី ពហុភាគី ជាឱកាសក្នុងការផ្សព្វផ្សាយ ដោយផ្ទាល់ ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រជាអន្ដរជាតិ។ ៣-ត្រូវរួមគ្នាលើកម្ពស់កិត្តិយស និង មុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ក្នុងយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយ «កីឡារស់ក្នុងសន្ដិភាព» «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «កម្ពុជាស្អាត» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយ ឥទ្ធិពល គ្រឿងញៀន»។ ៤-គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ២០២៣ ត្រូវមានស្មារតីទទួលខុសត្រូវ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដោយគោរពតាមគោលការណ៍កីឡាបៃតង និងកីឡាស្អាតស្អំ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ កិត្តិយស ក្នុងនាមម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡា ស៊ីហ្គេមជាលើកដំបូង។
ជាមួយគ្នានេះ សហព័ន្ធកីឡាជាតិ កីឡាករ-កីឡាការិនី និងកីឡាករ-កីឡាការិនីជនពិការ សូមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការ ហ្វឹកហាត់ អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈកីឡា និងបំពេញបេសកកម្មរៀងៗខ្លួន ជាមួយ នឹងស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ ៥-សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី និងក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រដល់ មូលនិធិ កី ឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដើម្បីរួមចំណែកទ្រទ្រង់ការចំណាយរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រមានិតចិនប្រចាំកម្ពុជាបាន លើកឡើងថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដែលមានទ្រង់ ទ្រាយ ធំបំផុតនិងមានកម្រិតខ្ពស់បំផុតក្នុងចំណោមជំនួយរបស់រដ្ឋាភិបាលចិនរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្ដមបន្ដថា កាលពីប៉ុន្មានខែមុន ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការ បរទេសចិនបានអញ្ជើញចូលរួមក្នុងពិធីប្រគល់និងទទួលគម្រោងពហុកីឡដ្ឋានជាតិនេះ និង មានប្រសាសន៍ថាពហុកីឡដ្ឋាននេះគឺជាកាដូដ៏ថ្លៃថ្លារបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា ហើយនឹងក្លាយជាទីគំរូដ៏សំខាន់ដែលតំណាងឱ្យទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងចិន និងកម្ពុជា។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបន្តទៀតថា នៅសល់តែ៥០០ថ្ងៃទៀត កម្ពុជានឹងធ្វើ ជា ម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកដំបូងនៅទីនេះ។ អត្តពលិកដែលមកពីបណ្តាប្រទេស ក្នុងអាស៊ី អាគ្នេយ៍នឹងជួបជុំគ្នានៅទីនេះ បង្ហាញនិងឈ្វេងយល់ពីជំនាញនៃវិស័យកីឡា ពិភាក្សាអំពី សន្តិភាពនិងមិត្តភាព។ នៅពេលនោះ ទាំងតំបន់អាស៊ីនិងពិភពលោកនឹងចោលក្រសែភ្នែកមក លើកម្ពុជា ជឿជាក់ថាកម្ពុជានឹងអាចធ្វើឱ្យការប្រកួតកីឡានេះក្លាយជាព្រឹត្តិការណ៍ ប្រកួតដ៏ អស្ចារ្យដែលបង្ហាញពីមុខមាត់ជាតិ លើកកម្ពស់ការអភិវឌ្ឍជាតិ និងជំរុញស្មារតីប្រជាជាតិ។
គួរបញ្ជាក់ដែរថា វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ មានទីតាំងស្ថិតក្នុង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយត្រូវបានសាងសង់កាល ពីថ្ងៃ ទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែល អាចផ្ទុកអ្នក ទស្សនា បាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ ប្រកួត កីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក៕
ដោយ ជឹម ណារី
No comments:
Post a Comment