សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...
រាជធានីភ្នំពេញ ថ្ងៃពុធ ១៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ធាវ ឡេ ឈិង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-សិង្ហបុរី នាពេលកន្លងមក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ ព្រមទាំងបានបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ធាវ ឡេ ឈិង និងសហការី ព្រមជាមួយនឹងការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ បន្ថែមលើនេះ សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ ៕
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia
No comments:
Post a Comment